តើ Digital City មានន័យយ៉ាងណាសម្រាប់ធ្វើឲ្យការគ្រប់គ្រងទីក្រុងប្រសើរឡើង?

Credit to wrld3d.com

https://youtu.be/6QU61AnMobo

បម្រែបម្រួលធម្មជាតិ ការកើនឡើងនៃចំនួនប្រជាជន ព្រមទាំងការជឿនលឿននៃបច្ចេកវិទ្យាបាននិងកំពុងផ្លាស់ប្តូរវិធីសាស្រ្តក្នុងការគ្រប់គ្រងទីក្រុងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនឹងនេះដែរ ពាក្យ Digital City ជាពាក្យដែលពិភពលោកកំពុងប្រើប្រាស់និងជាទីពេញនិយម។ តើ Digital City មានន័យយ៉ាងណាដែរ?

ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ យើងខ្ញុំកាលពីពេលថ្មីៗនេះបានជួបពិភាក្សាជាមួយអ្នកជំនាញពីក្រុមហ៊ុនឈានមុនគេក្នុងពិភពលោកក្នុងការផលិតកម្មវិធីគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធឈ្មោះថា Bentleyដើម្បីស្វែងយល់អំពីពាក្យខាងលើនេះឲ្យកាន់តែច្បាស់ដូចដែលបានរៀបរាប់ក្នុងសំណួរខាងក្រោមនេះ។

១) តើពាក្យ Digital City មានន័យយ៉ាងណាសម្រាប់ Bentley?

ពាក្យនេះគឺជាប់ទាក់ទងទៅនឹងពាក្យ Digital Twin ឬកូនភ្លោះឌីជីថល ដែលមានន័យថាគឺជាតំណាងនៃការថតចម្លងរបស់ឧបករណ៍ជាក់ស្តែងមួយឧទាហរណ៍ដូចជាដបទឹកមួយយើងថតចម្លងបន្ទាប់មកបញ្ចូលរូបភាពចូលទៅក្នុង កុំព្យួទ័រនោះយើងនឹងបានកូនភ្លោះឌីជីថលដបទឹកមួយ។ ប្រសិនបើយើងចាក់ទឹកចេញពីក្នុងដបនោះឬក៏ចាក់ទឹកពីដបចូលទៅក្នុងកែវទឹកយើងចង់ឲ្យកូនភ្លោះឌីជីថលដែលយើងទើបនឹងចម្លងមានសភាពដូចទៅនឹងដបទឹកនេះអញ្ចឹង។ នៅពេលដែលយើងពង្រីកកូនភ្លោះឌីជីថលឲ្យកាន់តែធំជាងនេះ នោះយើងនឹងអាចអនុវត្តសម្រាប់អគារ ហើយបើយើងធ្វើឲ្យកាន់តែធំនោះយើងនឹងអាចអនុវត្តសម្រាប់ទីក្រុងបានដូចគ្នាដែលក្នុងន័យនេះកូនភ្លោះឌីជីថលអាចជួយទីក្រុងប្រតិបត្តិការវិភាគនិងព្យាករណ៍ថាតើនឹងមានអ្វីកើតឡើងឬកំពុងកើតឡើងចំពោះទីក្រុង។

២) តើ Digital City មានលក្ខណៈខុសគ្នាយ៉ាងណាទៅនឹង Smart City ឬទីក្រុងឆ្លាត?

Digital City ឬទីក្រុងឌីជីថលគឺគ្រាន់តែជាតំណាងរបស់ទីក្រុងប៉ុណ្ណោះវាមិនបានធ្វើឲ្យទៅក្រុងឆ្លាតនោះទេ។ ឆ្លាតគឺនៅពេលដែលយើងប្រើព័ត៌មានទាំងនោះដើម្បីធ្វើការសម្រេចចិត្តកាន់តែប្រសើរជាងមុន។ឧទាហរណ៏នៅប្រទេសហ្វីលីពីនតែងតែមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបង្កឲ្យមានទឹកជំនន់ជាញឹកញាប់។ ដូចនេះពេលដែលយើងប្រើកូនភ្លោះឌីជីថលទៅលើទីក្រុងយើងអាចចាប់ផ្តើមនាំយកទិន្នន័យអាកាសធាតុជាដើមហើយបន្ទាប់មកធ្វើជាគំរូនិងវិភាគអំពីអ្វីដែលនឹងកើតឡើង។ហើយមុនពេលទឹកជំនន់កើតឡើងយើងប្រហែលអាចផ្លាស់ប្តូរដំណើរការរបស់ច្រកទ្វារទឹកដោយកន្លែងខ្លះមានទឹកភ្លៀងតិចនិងកន្លែងខ្លះមានទឹកភ្លៀងច្រើន។ធ្វើដូចនេះ យើងអាចបង្ការទឹកជំនន់នៅកន្លែងខ្លះក៏ប៉ុន្តែយើងត្រូវការគំរូទីក្រុងឬកូនភ្លោះឌីជីថល ដើម្បីធ្វើការវិភាគបែបនេះបាន។ករណីនៅប្រទេសហ្វីលីពីននេះគឺជាឧទាហរណ៍មួយសម្រាប់ទីក្រុងឆ្លាតពីព្រោះឥឡូវយើងអាចជួយប្រជាពលរដ្ឋបង្ការទឹកជំនន់ឬយើងអាចផ្តល់ដំណឹងដល់ពួកគាត់អំពីការមកដល់នៃទឹកជំនន់។

៣) តើមានកម្មវិធីណាខ្លះទាក់ទងនឹងទីក្រុងឌីជីថលដែលក្រុមហ៊ុន Bentley បានបង្កើតឡើង?

កម្មវិធីទាំងអស់របស់ Bentleyគឺសុទ្ធសឹងតែប្រើសម្រាប់ទីក្រុងឌីជីថលតែគ្រាន់តែថាកម្មវិធីនីមួយៗគឺប្រើទៅតាមប្រភេទផ្សេងគ្នានៃហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងនោះដែរ ក្រុមហ៊ុន Bentleyមានកម្មវិធីសម្រាប់ទីក្រុងឌីជីថលមួយចំនួនរួមមាន៖ សំណង់ ផ្លូវរថភ្លើង អគារ ផ្លូវទឹកនិងប្រពន្ធ័សម្អាតទឹកកខ្វក់ រ៉ែ សាលារៀន រោងចក្រនុយក្លេអ៊ែរទីក្រុង បណ្តាញទូរគមនាគមន៍រោងចក្រថាមពលនិងស្ពានជាដើម។

 

- Video Advertisement -