សម្តេចហ៊ុនសែន៖ កម្ពុជាកំពុងជំរុញឲ្យមានប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករសំណង់
រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឲ្យមានប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករសំណង់ នេះបើយោងតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបជាមួយកម្មករ កម្មការិនីនៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាកម្ពុជានឹងពង្រីកវិសាលភាពនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាទៅវិស័យផ្សេងទៀតដែលរួមមានវិស័យសំណង់ដើម្បីកាត់បន្ថយបញ្ហាចំណាកស្រុករបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ ហ៊ុន សែនបានមានប្រសាសន៍ថា៖ «យើងត្រូវតែសិក្សាម្តងមួយៗ[វិស័យអាទិភាពនានា]យើងអាចបញ្ចូលក្រុមហ៊ុនសំណង់ដើម្បីកំណត់ថាអប្បបរមាប៉ុន្មាន….ត្រូវស្រាវជ្រាវពីបណ្តាក្រុមហ៊ុនសំណង់មុន»។
ជាការកត់សម្គាល់ ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែនគឺធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីសំណាក់អង្គការសង្គមស៊ីវីលនានាឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករសំណង់។
ជាងនេះទៅទៀត ឯកឧត្តម ហេង សួ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំថា៖«តាមការពិតយើងបានចាប់ផ្តើមពិភាក្សាជាមួយនឹងខាងអង្គការអន្តរជាតិខាងការងារILOដែរថាយើងគួរចាប់ផ្តើមពង្រីកវិសាលភាពនៃប្រាក់ឈ្នួលអប្បបរមាទៅលើវិស័យផ្សេងទៀតហើយវិស័យទីពីរដែលប្រើប្រាស់កម្លាំងពលកម្មច្រើនគឺវិស័យសំណង់»។
«ប៉ុន្តែមុននឹងយើងចាប់ផ្តើមពង្រីកវិសាលភាពនេះគឺយើងត្រូវការឲ្យ ILO ធ្វើការស្រាវជ្រាវអំពីទំហំទីផ្សារ លក្ខខណ្ឌវិនិច្ច័យមួយចំនួនថាតើវាអាចដូចគ្នាទៅនឹងការវិនិច្ច័យនៃផ្នែកកាត់ដេរឬទេ»ឯកឧត្តមបានបន្តយ៉ាងដូច្នេះ។
សម្រាប់រយៈពេលស្រាវជ្រាវខាងលើ គឺអាចនឹងប្រើប្រាស់រយៈពេលប្រមាណជា ១ ឆ្នាំ ដែលដំណើរការនៃការស្រាវជ្រាវនេះត្រូវការឲ្យមានការជួបជុំជាមួយភាគីពាក់ព័ន្ធនានាដើម្បីពិនិត្យទៅលើការរកឃើញរបស់អង្គការ ILOនេះបើយោងតាមការគូសបញ្ជាក់របស់ឯកឧត្តម។
ការបង្កើតឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមានេះទៀតសោតត្រូវក្រុមហ៊ុនសំណង់មួយចំនួនធ្វើការស្វាគមន៍និងគាំទ្រដោយហេតុថាវានឹងធ្វើឲ្យស្តង់ដារវិស័យការងារផ្នែកសំណង់កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
លោក មាស ព្រឹក្សា តំណាងរបស់ក្រុមហ៊ុនសំណង់ លី ឈួង អាហរ័ណ នីហរ័ណ(LCC)បានធ្វើការស្វាគមន៍ចំពោះគោលនយោបាយថ្មីនេះដោយលោក បានមានប្រសាសន៍ថា៖«យើងស្វាគមន៍ឲ្យមានការកំណត់ប្រាក់ឈ្នួលអប្បបរមា…ក៏ប៉ុន្តែទន្ទឹមនឹងនេះបញ្ហាសំខាន់ដែលក្រុមហ៊ុនជួបប្រទះគឺការគ្រប់គ្រងកម្មករសំណង់ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនជាច្រើនសម្រេចចិត្តប្រគល់ការងារនេះទៅឲ្យអ្នកម៉ៅការបន្តដើម្បីធានាផលិតភាពការងារ»។
«បើនិយាយពីប្រាក់ឈ្នួលនៃកម្មករសំណង់សព្វថ្ងៃសម្រាប់ក្រុមហ៊ុនគឺលើសពីអប្បបរមាទៅទៀត….បើអប្បបរមាមួយថ្ងៃប្រាំដុល្លារ រាល់ថ្ងៃនេះគឺក្រុមហ៊ុនផ្តល់ ៣ ម៉ឺនរៀលដោយសារតែវិស័យសំណង់រីកលូតលាស់ខ្លាំងហើយការប្រកួតប្រជែងក៏ខ្ពស់ទៀត» នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក ។
សូមបញ្ជាក់ថា វិស័យសំណង់បានបង្កើតការងារជូនប្រជាពលរដ្ឋរាប់ពាន់កន្លែងក្នុងមួយថ្ងៃៗហេតុនេះហើយវាមានភាពចាំបាច់ណាស់ក្នុងការកំណត់ឲ្យមានប្រាក់ឈ្នូលអប្បបរមា។ ជាក់ស្តែង យោងតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យសំណង់បានផ្តល់ការងារជូនប្រជាពលរដ្ឋចន្លោះពី ២៥០.០០០ ទៅ ២៦០.០០០កន្លែងក្នុងមួយថ្ងៃ។

