ឧកញ៉ា ម៉ុង ឫទ្ធីចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនសាងសង់ទីលានប្រណាំងរថយន្តដ៏ធំ

ដើម្បីលើកស្ទួយនិងពង្រីកវិសាលភាពនៃវិស័យកីឡានៅកម្ពុជា វិនិយោគិនដ៏ល្បីល្បាញឧកញ៉ា ម៉ុង ឫទ្ធីបានសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុនជប៉ុនសាងសង់ទីលានប្រណាំងរថយន្តលំដាប់ថ្នាក់លេខពីរលើពិភពលោកនៅខេត្តកំពង់ស្ពឺ។

កាលពីថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០១៩ ឧកញ៉ា ម៉ុង ឫទ្ធីបានប្រកាសអំពីគម្រោងខាងលើតាមរយៈទំព័រហ្វ៊េសប៊ុកផ្លូវការរបស់ខ្លួនដែលក្នុងនោះក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់គម្រោងខាងលើជាមួយក្រុមហ៊ុនជប៉ុន Yamamoto Rock Products Co Ltd។

គម្រោងទីលានប្រណាំងរថយន្តនេះគឺនឹងលាតសន្ធឹងក្នុងតំបន់កសិ-ទេសចរណ៍ម៉ុង ឫទ្ធីសែនដី ទំហំប្រមាណជា ២០.៦៨ ហិកតានៃឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ទីលាននេះគឺនឹងបែកចែកជា ១០ ផ្នែកដែលក្នុងនោះរួមមាន៖ ១) ចំណតរថយន្ត និងម៉ូតូ ២) ទីធ្លារដាំដើមឈើ ៣) កន្លែងតាំងពិពរណ៍រថយន្ត និងលក់សម្ភារ ៤) ស្ថានីយ៍ប្រេងឥន្ធនៈ ៥) បន្ទប់ទឹកសារធារណៈ ៦) កាហ្វេ និងអាហារដ្ឋាន ៧) ការិយាល័យ សេវាកម្មផ្សេងៗ ៨) កន្លែងអង្គុយទស្សនា ៩) ទីលានដាក់-ជួសជុលរថយន្ត និង ១០) ទីលានប្រណាំងប្រវែងប្រមាណជា ២០៤០ ម៉ែត្រ។

ថ្លែងប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ០៩ ខែ មករា ឆ្នាំ ២០១៩ ឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់ថា គម្រោងខាងលើគឺជា«សហអាជីវកម្មកម្ពុជា ជប៉ុន»ហើយមានសមត្ថភាពទទួលភ្ញៀវបានប្រមាណជា១០០០នាក់។

ទីលានប្រណាំងរថយន្តកម្ពុជា-ជប៉ុននេះ គឺត្រូវបានចាប់ផ្តើមសាងសង់អស់រយៈពេល៧ខែកន្លងផុតទៅហើយ តែការសាងសង់បញ្ចប់ពេលណាព្រមទាំងចំណាយថវិការអស់ប៉ុន្មានឧកញ៉ា ម៉ុង ឫទ្ធីមិនបានបញ្ជាក់នោះទេ។

យ៉ាងណាមិញ ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងយ៉ាងដូច្នេះថា៖«គម្រោងកីឡាយានយន្តនេះមិនសូវបានទទួលប្រាក់ចំណេញច្រើនទេ តែវានឹងអាចធ្វើជាស្ពានចម្លង……ផ្សារភ្ជាប់ទំនាក់ទំនងរវាងក្រុមកីឡាករប្រទេសទាំងពីរកម្ពុជា ជប៉ុនរួមជាមួយនឹងបណ្ដាប្រទេសជាច្រើនទៀតនៅលើពិភពលោក»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]