ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ក្រុមហ៊ុនផ្នែកវិស័យសំណង់ដ៏ចំណាស់មួយនៅកម្ពុជាឈ្មោះថា ជីប ម៉ុង គ្រុប បានបង្ហាញពីមហិច្ឆតាលើកមុខមាត់វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជាតាមរយៈការបង្តើតរោងចក្រថ្មីបន្ថែមទៀត។
កាលពីព្រឹកថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ដែលជាក្រុមហ៊ុនមួយរបស់ជីប ម៉ុង គ្រុប បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រចំនួនពីរគឺរោងចក្រផលិតក្បឿងនិងទុយោដែលមានទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។
រោងចក្រផលិតក្បឿងនិងទុយោនេះត្រូវបានសាងសង់ឡើងនៅលើទំហំផ្ទៃដីប្រមាណជា១១ហិកតាដែលអាចមានសមត្ថភាពផលិតសម្ភារទាំងពីរប្រភេទនេះក្នុងបរិមាណដ៏ច្រើន។ ចំពោះរោងចក្រក្បឿងគឺអាចមានសមត្ថភាពផលិតក្បឿងរហូតដល់ទៅ១៤០សន្លឹកក្នុងមួយនាទីខណៈរោងចក្រទុយោមានលទ្ធភាពផលិតទុយោបានដល់ទៅ៥០០តោនក្នុងមួយខែ។
ថ្លែងក្នុងពិធីសម្ពោធខាងលើ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសាទរនិងគាំទ្រជាខ្លាំងសម្រាប់វត្តមានរោងចក្រទាំងពីរនេះដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជាព្រមទាំងបានជំរុញសក្តានុពលផលិតផលក្នុងស្រុកបន្ថែមមួយកម្រិតទៀត។
ឯកឧត្តម ចម ប្រសិទ្ធ បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «តាមរយៈការបំពាក់គ្រឿងចក្រទំនើបនិងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយមកពីអឺរ៉ុប គួបផ្សំជាមួយវត្តមានអ្នកជំនាញជាតិ និង អន្តរជាតិ ខ្ញុំសង្ឃឹមថាផលិតផលដែលផលិតចេញពីរោងចក្រថ្មីស្រឡាងទាំងពីរនេះសុទ្ធសឹងជាផលិតផលដែលមានគុណភាពខ្ពស់ និងអាចជឿទុកចិត្តបាន»។
ទន្ទឹមនឹងនេះដែរ លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង ក៏បានសម្តែងការប្តេជ្ញាចិត្តក្នុងការធ្វើយ៉ាងណាជំរុញវិស័យឧស្សាហកម្មនៅកម្ពុជាឲ្យកាន់តែរីកចម្រើន។
លោកបានមានប្រសាសន៍ថា៖«ខ្ញុំសង្ឃឹមថា ការវិនិយោគក្នុងវិស័យឧស្សាហកម្មទ្រង់ទ្រាយធំរបស់វិនិយោគិនក្នុងស្រុកក៏ជាការចូលរួមចំណែកមួយជ្រុងតូចក្នុងការលើកមុខមាត់ប្រទេសក្នុងវិស័យឧស្សាហកម្មតាមរយៈការបោះជំហានពីប្រទេសកសិកម្មទៅជាប្រទេសឧស្សាហកម្មកាត់បន្ថយការនាំចូលសម្ភារសំណង់ពីបរទេស និងជួយបង្កើនសេដ្ឋកិច្ចជាតិ»។
សូមបញ្ជាក់ជូនថា ក្រៅពីរោងចក្រផលិតក្បឿង និងទុយោទាំងពីរនេះ ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ ក៏មានរោងចក្រផលិតសម្ភារនិងវត្ថុធាតុសម្រាប់ផ្គត់ផ្គង់វិស័យសំណង់ផ្សេងទៀតដូចជារោងចក្រផលិតបេតុងលាយស្រេចជាដើម។


