សាកលវិទ្យាល័យធំមួយចំនួននៅចិន ចង់មកជួយបង្រៀនវិស្វករខ្មែរឱ្យចេះសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានស្នើសុំឱ្យចិនជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាឱ្យចេះកសាងហេដ្ឋារចនាសម្ព័ន្ធធំៗ ដោយខ្លួនឯង ខណៈបច្ចុប្បន្នកម្ពុជានៅខ្វះធនធានមនុស្សផ្នែកនេះច្រើនណាស់។

ការស្នើនេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាការងារទ្វេភាគីរវាង ឯកឧត្តម ស៊ុន ចាន់ថុល និងឯកឧត្តម Li Xiaopeng រដ្ឋមន្ត្រីដឹកជញ្ជូននៃប្រទេសចិន កាលថ្ងៃទី២២ ខែមិថុនា នេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា៖ «បច្ចុប្បន្ន ទោះកម្ពុជាមានវិទ្យាស្ថាន តេជោសែន សាធារណការហើយក្ដី យើងក៏នៅចង់ឱ្យចិនផ្តល់សាស្ត្រាចារ្យ និងអ្នកបច្ចេកទេស មកជួយបង្ហាត់បង្រៀនវិស្វករកម្ពុជាបន្ថែមទៀត ពោលគឺឱ្យចេះកសាងផ្លូវ ស្ពាន កំពង់ផែ ផ្លូវរថភ្លើង និងផ្លូវក្រោមដីជាដើម ដោយខ្លួនឯង»។

ជាការឆ្លើយតប ឯកឧត្តម Li Xiaopeng បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកទេស និងសាកលវិទ្យាល័យមួយចំនួននៅប្រទេសចិន គឺមានបំណងចង់សហការជាមួយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើឱ្យប្រសើរឡើងដល់ការកសាងសមត្ថភាពវិស្វករបច្ចេកទេសកម្ពុជា។

គួរជម្រាប់ថា យោងតាមទិន្នន័យរបស់គណៈវិស្វករកម្ពុជា កម្ពុជាកំពុងត្រូវធនធានមនុស្សផ្នែកជំនាញវិស្វករបន្ថែមទៀត ខណៈសព្វថ្ងៃនេះមាននិស្សិតកម្ពុជាតែ ៣,៤ %ប៉ុណ្ណោះ ដែលសិក្សាជំនាញវិស្វកម្មសំណង់ នៅតាមសាកលវិទ្យាល័យនានា៕

- Video Advertisement -