ក្រសួងការងារនឹងចាត់វិធានការទៅលើសិប្បកម្មឡឥដ្ឋនៅកម្ពុជា

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រកាសបើកការសើុបអង្កេត ករណីប្រើប្រាស់កម្លាំងទាសករស្ម័គ្រចិត្តក្នុងសិប្បកម្មឡឥដ្ឋក្រោយមានការរាយការណ៍ពីសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេស។

យោងតាមការចុះផ្សាយរបស់កាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម អ៊ិត សំហេង បានបញ្ជាក់ថាក្រសួងនឹងរៀបចំការសើុបអង្កេតនៅតាមទីតាំងសិប្បកម្មឡឥដ្ឋដែលសាកលវិទ្យាល័យ Royal Holloway បានរាយការណ៍ថាមានការប្រើប្រាស់កម្លាំងទាសករសម័យទំនើបតាមរយៈការចងដោយបំណុល។

ប្រភពដដែលបានបញ្ជាក់សម្តីឯកឧត្ដម អ៊ិត សំហេង យ៉ាងដូច្នេះថា៖ «រឿងនេះយើងនឹងធ្វើការស៊ើបអង្កេតហើយថ្មីៗនេះក្រសួងបានចេញសេចក្តីជូនដំណឹងមួយហាមប្រាមដាច់ខាតក្នុងករណីនេះ។ ក្រសួងនឹងធ្វើការស៊ើបអង្កេតព័ត៌មានដែលបានលើកឡើងនោះ។ កន្លងមកយើងក៏មិនបានដឹងថាមានករណីនេះកើតឡើងដែរហើយតាមរយៈព័ត៌មាននេះយើងនឹងចុះទៅបញ្ជាក់ដល់គោលដៅបើមានមែនយើងនឹងចាត់ការទៅតាមច្បាប់»។

យ៉ាងណាមិញ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈមិនទាន់បានបញ្ជាក់នៅឡើយទេអំពីកាលបរិច្ឆេទច្បាស់លាស់ណាមួយសម្រាប់បេសកម្មស៊ើបអង្កេតមួយនេះ។

សូមបញ្ជាក់ជូនថា វិធានការនេះគឺធ្វើឡើងបន្ទាប់ពីសាកលវិទ្យាល័យ Royal Holloway ចេញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនដែលបានរកឃើញថាសិប្បកម្មឡឥដ្ឋនៅប្រទេសកម្ពុជាមួយចំនួនកំពុងកេងប្រវាញ់កម្លាំងពលកម្មប្រជាជនរាប់រយនាក់រួមទាំងកុមារក្រោមទម្រង់នៃអន្ទាក់បំណុល។

របាយការណ៍ស្រាវជ្រាវនេះទៀតសោតបានបង្ហាញថាគ្រួសារជាប់បំណុលរាប់ម៉ឺននាក់នៅកម្ពុជាបាននិងកំពុងបំរើការងារក្នុងសិប្បកម្មឡឥដ្ឋក្នុងស្ថានភាពគ្រោះថ្នាក់បំផុតដើម្បីបំពេញតម្រូវការឥដ្ឋនៅរាជធានីភ្នំពេញដែលបច្ចុប្បន្នកំពុងមានសន្ទុះយ៉ាងខ្លាំង។ អានបន្ថែម

- Video Advertisement -