ក្រសួងបរិស្ថាននឹងបង្តើតការប្រកួតប្រជែងលំនៅដ្ឋានបៃតង

ក្រសួងបរិស្ថាននឹងបង្តើតការប្រកួតប្រជែងលំនៅដ្ឋានបៃតងដើម្បីជាការលើកទឹកចិត្តដល់ម្ចាស់គម្រោងលំនៅដ្ឋាននានា។

យោងតាមការចុះផ្សាយតាមរយៈគេហទំព័រហ្វ៊េសប៊ុករបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៨ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ក្រសួងនឹងគិតគូរពីការប្រកួតប្រជែង ក្នុងចំណោមបុរីនានានិងផ្តល់ការលើកទឹកចិត្តទទួលស្គាល់ដល់ការចូលរួមថែរក្សា និងស្រឡាញ់បរិស្ថាន»។

ការលើកឡើងរបស់ឯកឧត្តមគឺធ្វើឡើងក្នុងអំឡុងពេលនៃកិច្ចប្រជុំពិភាក្សាជាមួយម្ចាស់បុរីនិងខុនដូក្នុងការរកដំណោះស្រាយដើម្បីបង្កើតយន្តការរៀបចំថែរក្សាការពារនិរន្តរភាពបរិស្ថានដែលមានការសហការចូលរួមពីតំណាងសមាគមន៍ ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍លំនៅដ្ឋានសរុបចំនួនប្រមាណជា ៤០ ក្រុមហ៊ុន។

ក្នុងឱកាសនោះដែរ ឯកឧត្តម សាយ សំអាល់ ក៏បានស្នើឲ្យម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់មេត្តា គិតគូរពីបញ្ហាលូ និងប្រព័ន្ធចម្រោះទឹក ការញែកនិងគ្រប់គ្រងសំរាម ក៏ដូចជាត្រូវធ្វើការសាងសង់យ៉ាងដូចម្តេចដើម្បីមានបរិស្ថាន និងបរិយាកាសល្អ។

សូមបញ្ជាក់ជូនថា ការខិតខំជំរុញការអភិវឌ្ឍន៍លំនៅដ្ឋានប្រកបដោយនិរន្តរភាពមួយនេះ គឺស្របទៅនឹងយន្តការ«ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព»របស់អង្គការសហប្រជាជាតិ UNDP ។ ជាក់ស្តែង កាលពីដើមឆ្នាំ ២០១៨ UNDP បានសហការជាមួយអង្គការ Building Trust International ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងរចនាប្លង់គម្រោងលំនៅដ្ឋានតម្លៃសមរម្យចំនួន ៣០០០ ខ្នង សម្រាប់កម្មករដែលរស់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ការប្រកួតប្រជែងនេះគឺផ្តោតសំខាន់ទៅលើការរចនាប្រកបដោយនិរន្តរភាព។

- Video Advertisement -