ជប៉ុនបន្តខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាគ្រឿងសង្ហារឹមនិងសម្ភារវត្ថុធាតុដើមសំណង់

ប្រទេសជប៉ុនកំពុងខិតខំកែច្នៃសំរាមនៅកម្ពុជាទៅជាសម្ភារវត្ថុធាតុដើមសំណង់ គ្រឿងសង្ហារឹម និងសម្ភារប្រើប្រាស់ផ្សេងៗ។ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ តំណាងរបស់ក្រុមហ៊ុនកៃច្នៃសំរាមមួយរបស់ប្រទេសជប៉ុនឈ្មោះថា Gomi Recycle 110 Co., Ltd. បានជួបពិភាក្សាជាមួយឯកឧត្ដម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀងទៅលើគម្រោងសាងសង់រោងចក្រកែឆ្នៃនៃសំរាមក្នុងខេត្តស្វាយរៀង។ នេះបើយោងតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្វាយរៀង។

លោក Yusuke Okumura នាយកក្រុមហ៊ុនGomiបានមានប្រសាសន៍ថារហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបាននឹងកំពុងត្រៀមធ្វើការនាំចូលរថយន្តដឹកសំរាមនិងការសាងសង់រោងចក្រនៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្តបានជ្រើសរើសកន្លងមក។

ដើម្បីជួយសម្រួលដល់កិច្ចការនានាដែលនៅសេសសល់ជាពិសេសពាក់ព័ន្ធនឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្ររបស់ក្រុមហ៊ុន ឯកឧត្ដមអភិបាលខេត្ត បានចាត់តាំងឯកឧត្ដម រស់ ផារិទ្ធ អភិបាលរងខេត្តទទួលជួបពិភាក្សា និងសហការណ៍ជាមួយក្រុមហ៊ុនបន្តទៀតទៅលើចំណុចលម្អិតនានាដែលគាំទ្រ និងជំរុញកិច្ចការនេះឲ្យសម្រេចបាននូវលទ្ធផលដោយជោគជ័យល្អប្រសើរតាមការគ្រោងទុក ៕

ការបង្កើតរោងចក្រខាងលើនឹងជួយកាត់បន្ថយបញ្ហាបរិស្ថានដែលបណ្តាលមកពីការទុកដាក់សំរាមមិនបានត្រឹមត្រូវ ហើយក៏អាចជួយកែច្នៃសំរាមទាំងនោះឲ្យទៅជាគ្រឿងសង្ហារឹមនិងសម្ភារសំណង់ផ្សេងៗសម្រាប់ផ្គត់ផ្គង់តម្រូវការរបស់វិស័យសំណង់ដែលកំពុងមានការកើនឡើងយ៉ាងគួរឲ្យកត់សម្គាល់។ ជាក់ស្តែងទិន្នន័យរបស់អង្គការពាណិជ្ជកម្មពិភពលោកបានបង្ហាញថា ក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាបាននាំចូលសម្ភារគ្រឿងសង្ហារឹមគ្រប់ប្រភេទសរុបជាទឹកប្រាក់ប្រមាណជាង ១,៨ពាន់លានដុល្លារអាមេរិកដែលភាគច្រើននាំចូលមកពីប្រទេសចិន និងថៃជាដើម។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន Gomi បានប្រកាសពីគម្រោងកែច្នៃសំរាមនេះតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

- Video Advertisement -