ជប៉ុនផ្តល់ជំនួយ១លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន

រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ UNESCO កាលពីថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៨ បានផ្ដល់មូលនិធិ១លានដុល្លាអាមេរិកដល់កម្ពុជាដើម្បីជួសជុលកែលម្អប្រាសាទបាយ័ន។

យោងតាមការចុះផ្សាយរបស់អង្គការ UNESCO រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការ UNESCO លើគម្រោងជួសជុលកែលម្អឡើងវិញនូវប្រាសាទបាយ័នក្រោមជំនួយពីមូលនិធិ Japanese Funds-in-Trust for the Preservation of the World Cultural Heritage។

ថ្លែងទៅកាន់សារព័ត៌មានភ្នំពេញប៉ុស្ដិ៍ក្នុងពិធីចុះហត្ថលេខាខាងលើលោក Philippe Delanghe មន្ត្រីជំនាញផ្នែកកម្មវិធីវប្បធម៌នៃអង្គការ UNESCO បានឲ្យដឹងថាគម្រោងជួសជុលប្រាសាទបាយ័នគឺត្រូវបានគាំទ្រដោយមូលនិធិចំនួន១លានដុល្លារអាមេរិកពីរដ្ឋាភិបាលជប៉ុននិង៥០ម៉ឺនដុល្លារពីរដ្ឋាភិបាលកម្ពុជា។

លោក Philippe Delanghe បានបន្ថែមថាគម្រោងនេះគឺផ្តោតសំខាន់លើការសិក្សា និងស្ដារឡើងវិញ រចនាសម្ព័ន្ធនៃតួកណ្ដាលនៃប្រាសាទ និងការបន្តអភិរក្សនូវក្បាច់ចម្លាក់នានា ដែលមាននៅក្នុងផ្ទៃនៃប្រាសាទក្នុងរយៈពេលបីឆ្នាំចាប់ពីឆ្នាំ២០១៨-២០២០។

ជាការកត់សម្គាល់ ជប៉ុនបានផ្តល់ជំនួយក្នុងការជួសជុលប្រាសាទអស់រយៈពេលប្រមាណជាង១០ឆ្នាំទៅហើយ។ ជាក់ស្តែងជំហានទី៤មានរយៈកាលរហូតដល់ទៅ៥ឆ្នាំឯណោះ នឹងបានប្រើប្រាស់ថវិការហូតដល់ទៅ ២,៥ លានដុល្លារអាមេរិក។

ទន្ទឹមនឹងនេះដែរលោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ទស្សនាវដ្តីសំណង់និងអចលនទ្រព្យ កាលពីព្រឹកថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ ថា គម្រោងជំនួយមួយនេះបានប្រើពេលអស់ជាច្រើនឆ្នាំមកហើយក្នុងការជួសជុល ម្យ៉ាងទៀតបន្ទាប់ពីគម្រោងមួយនេះត្រូវបានបញ្ចប់ ជប៉ុនអាចនឹងបន្តជំនួយក្នុងការជួសជុលបន្ថែមទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]