តំណាង Hyatt Regency បញ្ជាក់ថាសណ្ឋាគារនឹងបើកទ្វារនៅដើមឆ្នាំ២០២១

អ្នកគ្រប់គ្រងទូទៅនៃសណ្ឋាគារ Hyatt Regency Phnom Penh លោក Herman Kemp បានបញ្ជាក់ជាមួយទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យ កាលពីថ្ងៃទី ១៦ តុលានេះថា សណ្ឋាគារនឹងបើកដំណើរការជាក់លាក់នៅត្រីមាសទី ១ ឆ្នាំ ២០២១ ខាងមុខនេះ បន្ទាប់ពីពន្យារពេលមួយរយៈមក ដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩។

យោងតាមប្រភពដដែលនេះ ការសាងសង់បានបញ្ចប់ ១០០ ភាគរយហើយ ដោយបច្ចុប្បន្នក្រុមការងារកំពុងធ្វើការតុបតែងផ្នែកខាងក្នុងនៃបន្ទប់ភ្ញៀវ ភោជនីយដ្ឋាន និងកន្លែងផ្សេងៗទៀត។

លោក Herman Kemp បានឱ្យដឹងថា៖ «សណ្ឋាគារនឹងបើកទ្វារនៅត្រីមាសទី ១ ឆ្នាំ ២០២១ ដោយមានបន្ទប់ភ្ញៀវចំនួន ២៤៧ បន្ទប់ ទីធ្លាប្រើប្រាស់ចម្រុះ និងបន្ទប់សិក្ខាសាលាចំនួន ៩ កន្លែង បារ និងភោជនីយដ្ឋានដែលមានមុខម្ហូបទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនប្រភេទ»។

ដំបូងសណ្ឋាគារនេះ គ្រោងនឹងបើកបើកនៅឆ្នាំនេះ ប៉ុន្តែដោយសារតែការរាតត្បាតនៃវីរ៉ុសកូវីដ ១៩ ទើបពន្យារទៅឆ្នាំក្រោយ។

លោក Herman Kemp បានឱ្យដឹងទៀតថា៖ «វីរ៉ុសកូវីដ ១៩ បានជះឥទ្ធិពលដល់ប្រទេសកម្ពុជា ជាពិសេសបានបង្អាក់ការធ្វើដំណើរទៅមករបស់ភ្ញៀវទេសចរ និងអ្នកធុរកិច្ចអន្តរជាតិ។ ដូច្នេះការពន្យារពេលនេះ មិនត្រឹមតែជាការរង់ចាំឱ្យស្ថានភាពប្រសើរជាងមុននោះទេ តែជាឱកាសឱ្យយើងមានពេលវេលាបន្ថែមទៀត ដើម្បីបង្កើនអនាម័យ និងវិធានការសុវត្ថិភាពនៅក្នុងសណ្ឋាគារផងដែរ»។

«ទោះបីជាភ្ញៀវអន្ដរជាតិអាចនៅមានកម្រិតនៅត្រីមាសទី ១ ឆ្នាំ ២០២០ តែយើងនឹងផ្តោតលើទីផ្សារក្នុងស្រុកជាមុនសិន ដូចជាការផ្ដល់នូវបទពិសោធន៍ការបរិភោគអាហារប្លែកថ្មី ការផ្ដល់ជាទីតាំងសម្ដែងសិល្បៈ កន្លែងប្រជុំ និងទីតាំងសម្រាប់ប្រារព្ធកម្មវិធីនានាជាដើម» លោកបានបន្ត។

គួរបញ្ជាក់ផងដែរថា សណ្ឋាគារ Hyatt Regency Phnom Penh មានទីតាំងស្ថិតលើផ្លូវលេខ ១៧៨ ជិតព្រះបរមរាជវាំងនិងសារមន្ទីរជាតិ។ គម្រោងនេះបានចាប់ផ្ដើមសាងសង់កាលពី ខែមីនា ឆ្នាំ២០១៧ មកម្លេះ ដោយក្រុមហ៊ុនជីបម៉ុងគ្រុប ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារ។

- Video Advertisement -