ក្រុមហ៊ុនយក្ស ២ ចាប់ដៃគ្នាវិនិយោគ ២០ លានដុល្លារ ធ្វើការរុករកធនធានរ៉ែនៅខេត្តកំពង់ស្ពឺ
ក្រុមហ៊ុន HLH Agriculture (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សសិង្ហបូរី HLH Group កាលពីថ្ងៃទី ៨ មិថុនា នេះ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន Cambodia Hei Shi Mineral ដើម្បីសហវិនិយោគទឹកប្រាក់ ២០លានដុល្លារ បង្កើតគម្រោងរុករករ៉ែនៅក្នុងទីតាំងមជ្ឈមណ្ឌលកសិកម្មរបស់ខ្លួន នៅខេត្តកំពង់ស្ពឺ។
បើយោងតាមសារព័ត៌មាន The Edge Singapore អនុស្សារណៈនៃការយោគយល់នេះមានរយៈពេល ១០ឆ្នាំ ដែលបើកសិទ្ធឱ្យបន្តបាន។ ក្នុងនោះក្រុមហ៊ុន HLH Agriculture នឹងទទួលបាន ៦០% នៃប្រាក់ចំណេញ ចំណែកឯ Hei Shi Mineral និងទទួលបាន ៤០%។
តាមកិច្ចព្រមព្រៀង ភាគីទាំង២ នឹងបង្កើតក្រុមហ៊ុនរួមគ្នាមួយ ដែលក្រុមហ៊ុន HLH Agriculture នឹងទទួលខុសត្រូវក្នុងការផ្តល់ដី និងចាត់ចែករឿងសិទ្ធិរុករករ៉ែ ខណៈក្រុមហ៊ុន Hei Shi Mineral នឹងជាអ្នករុករករ៉ែ។
ក្រុមហ៊ុន Hei Shi Mineral នឹងទទួលខុសត្រូវលើចំណាយ រួមមាន ការជួលកម្លាំងពលកម្ម គ្រឿងម៉ាស៊ីន បច្ចេកទេស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រតិបត្តិការរុករករ៉ែជាដើម។
លើសពីនេះ ធនធានរ៉ែដែលផលិតបាន នឹងត្រូវបានប្រើជាចម្បងសម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ និងអគារនានានៅខាងក្នុងមជ្ឈមណ្ឌលកសិកម្ម Agri Hub របស់ HLH Agriculture។
គម្រោងនេះនឹងផ្តល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាជនក្នុងស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរ ក្រុមហ៊ុន HLH Group កាលពីដើមសប្តាហ៍នេះ សម្រេចលក់ភាគហ៊ុនទាំងអស់របស់ខ្លួនក្នុងអាជីវកម្មកសិដ្ឋានបែបរីសតនៅសិង្ហបូរី ក្នុងតម្លៃប្រមាណ ៣,៦ លានដុល្លារអាមេរិក ដើម្បីយកទុនមកផ្តោតលើអាជីវកម្មនៅកម្ពុជាឱ្យបានច្រើនជាងមុន។(អានបន្ថែម)
ក្រុមហ៊ុន HLH Group កន្លងមកបានវិនិយោគបង្កើតគម្រោងធំ ៗ ជាច្រើននៅក្នុងប្រទេសកម្ពុជា ពិសេសវិស័យក្នុងអចលនទ្រព្យនិងកសិកម្ម។ គម្រោងទាំងនេះរួមមាន មណ្ឌលកសិកម្មតម្លៃរាប់ពាន់លានដុល្លារនៅកំពង់ស្ពឺ គម្រោងទីក្រុងអូរ៉ាល់ស៊ីធី គម្រោងអភិវឌ្ឍចម្រុះ D’Seaview នៅក្រុងព្រះសីហនុ គម្រោង Royal Platinum នៅភ្នំពេញ និងគម្រោងផ្សេងៗទៀត។
ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្រកាសសហការរួមគ្នាជាមួយក្រុមហ៊ុនវិនិយោគ ២០០ លានដុល្លារសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យនៅក្នុងគម្រោងអូរ៉ាល់ស៊ីធីផងដែរ។ (អានបន្ថែម)
- Video Advertisement -