ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្លូវក្រវាត់ក្រុងទី៣ដែលតភ្ជាប់រាជធានីភ្នំពេញនិងខេត្តកណ្តាលត្រូវបានបើកសម្ពោធការដ្ឋានសាងសង់ជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នៅព្រឹកថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩ សម្តេចតេជោ ហ៊ុនសែនបានបើកសម្ពោធការដ្ឋានសាងសង់ផ្លូវក្រវាត់ក្រុងទី៣ដែលមានប្រវែងសរុបប្រមាណជា៥២.៩៨៣គីឡូម៉ែត្រឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាលប្រវែងជិត៣៨គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ១៥គីឡូម៉ែត្រ។
ផ្លូវមួយខ្សែនេះគឺមានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រសម្រាប់ទីប្រជុំជន និងទំហំទទឹងផ្លូវ ២៥ម៉ែត្រសម្រាប់ទីតាំងផុតពីទីប្រជុំជនដែលការសាងសង់នឹងត្រូវប្រើប្រាស់ថវិការកម្ចីប្រមាណ ២៧៣លានដុល្លារអាមេរិកពីសាធារណរដ្ឋប្រជាមានិតចិន។
ថ្លែងក្នុងពិធីសម្ពោធខាងលើ សម្តេចតេជោ ហ៊ុនសែន បានឲ្យដឹងថា ផ្លូវមួយខ្សែនេះគឺនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនជូនប្រជាពលរដ្ឋជាពិសេសអ្នកដែលរស់នៅតាមបណ្តោយគម្រោងផ្លូវក្រវាត់ក្រុងទី៣។
«អ្នកដែលទទួលផលប្រយោជន៍គឺអ្នកនៅតាមបណ្តោយផ្លូវនេះតែម្តង តាមរយៈការងារ ការលក់ដូ រ និងសេវាដទៃទៀត។ អ្នកដែលទទួលផលធំជាងគេគឺអ្នកដែលរស់នៅតំបន់កោះអន្លង់ចិន ស្រុកស្អាងខេត្តកណ្តាលដោយសារ យើងត្រូវធ្វើស្ពានទទឹងដល់ទៅ២៥ម៉ែត្រ»សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍យ៉ាងដូច្នេះ។
ទន្ទឹមនឹងនេះដែរ តាមការបញ្ជាក់របស់ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី៣នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប ១០០០ម៉ែត្រ។ គម្រោងសាងសង់ នេះគឺនឹងប្រើប្រាស់រយៈពេលប្រហែល៤២ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ឯកឧត្តម Wang Wentian បានសម្តែងការគាំទ្រនិងពេញចិត្តចំពោះការចាប់ផ្តើមសាងសង់ផ្លូវមួយខ្សែនេះដែលវាគឺស្របទៅនឹងសុភាសិតចិនដែលពោលថា«បើសិនជាចង់ក្លាយទៅជាអ្នកមានត្រូវសាងសង់ផ្លូវជាមុនសិន»ដែលស្រដៀងទៅនឹងសុភាសិតខ្មែរ«មានផ្លូវគឺមានសង្ឃឹម»។
«គម្រោងផ្លូវក្រវាត់ក្រុងទី៣នឹងក្លាយទៅជាចំណុចចាប់ផ្តើមសម្រាប់ការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ»ឯកឧត្តម Wang Wentianបានគូសបញ្ជាក់បន្ថែមទៀត យ៉ាងដូច្នេះ។



