«វិស័យសំណង់និងអចលនទ្រព្យមិនធ្លាក់ចុះទេក្នុងឆ្នាំ២០១៩»
ស្របពេលដែលកំណើនសេដ្ឋកិច្ចកម្ពុជាកំពុងពឹងផ្អែកមួយផ្នែកទៅលើការរីកលូតលាស់នៃវិស័យសំណង់និងអចលនទ្រព្យនៅកម្ពុជា វិស័យទាំងនេះគឺនៅតែមានសុខភាពល្អសម្រាប់ឆ្នាំ ២០១៩នេះ បើទោះបីជាទុនវិនិយោគលើគម្រោងថ្មីៗមានការធ្លាក់ចុះក្នុងឆ្នាំ ២០១៨ ក៏ដោយ។
របាយការណ៍ស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ចរបស់ធនាគារជាតិនៃកម្ពុជាដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានគូសបញ្ជាក់អំពីហានិភ័យប្រឈមមួយចំនួនចំពោះសេដ្ឋកិច្ចកម្ពុជាដែលក្នុងនោះរួមមានការរួមចំណែកប្រមាណជា ១/៥ ទៅលើកំណើនសេដ្ឋកិច្ចជាតិនៃវិស័យសំណង់និងអចលនទ្រព្យដែលនេះគឺបង្ហាញពីការពឹងផ្អែកកាន់តែខ្លាំងទៅលើកំណើនសេដ្ឋកិច្ចនៅលើវិស័យនេះ។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបានឲ្យដឹងថា ជាទូទៅ វិស័យសំណង់មានវដ្តនៃការអភិវឌ្ឍន៍ដែលធ្វើឲ្យវិស័យនេះអាចកើនឡើងនិងថយមកវិញនៅពេលដែលគម្រោងសំណង់ធំៗត្រូវបានបញ្ចប់។
យ៉ាងណាមិញ សម្រាប់ឆ្នាំ២០១៩នេះ វិស័យសំណង់និងអចលនទ្រព្យគឺនឹងនៅតែមានសុខភាពល្អបើទោះបីជាល្បឿននៃកំណើននៃវិស័យនេះមានអត្រាតិចជាងឆ្នាំកន្លងទៅក្តី នេះបើយោងតាមការយល់ឃើញរបស់ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក ច្រឹក សុខនីម ហើយ
លោកមានប្រសាសន៍យ៉ាងដូច្នេះ «តាមធម្មតាខ្ញុំមើលវិស័យសំណង់នៅស្រុកខ្មែរវាអត់មានបញ្ហាអីទេហើយសម្រាប់ឆ្នាំ ២០១៩ វាបន្តរីកចម្រើនធម្មតាវាមិនកើនឡើងខ្ពស់ដូចនៅក្នុងឆ្នាំផ្សេងៗទៀតទេក៏ប៉ុន្តែឲ្យវាធ្លាក់ វាអត់ធ្លាក់ទេ។ យើងមើលឃើញជារួមគឺ[វាអាចកើន]នៅក្នុងចន្លោះ ១០ ទៅ ១៥ ភាគរយដដែល តែកន្លែងខ្លះអាចប្រែប្រួលដូចជាពីភ្នំពេញទៅព្រះសីហនុអីជាដើម»។
ទន្ទឹមនឹងនេះដែរ បណ្តាអ្នកជំនាញផែ្នកអចលនទ្រព្យនៅកម្ពុជាជាច្រើនរូបក៏បានប្រាប់សារព័ត៌មាន The Phnom Penh Post កាលពីពេលថ្មីៗនេះដែរថាវិស័យនេះគឺនៅតែបន្តមានភាពល្អប្រសើរនៅឡើយទេដែលក្នុងនោះលំហូរចូលនៃជនជាតិចិន និងទុនវិនិយោគរបស់ចិនគឺនឹងធ្វើឲ្យទីផ្សារអចលនទ្រព្យកាន់តែរីកចម្រើនក្នុងឆ្នាំ២០១៩នេះ។
ជាមួយនឹងការរីកចម្រើននៃវិស័យសំណង់និងអចលនទ្រព្យនេះទៀតសោត ធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ផងដែរថា ការកើនឡើងលឿននៃវិស័យសំណង់និងអចលនទ្រព្យអាចធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងហួសពីតម្រូវការជាក់ស្តែង និងអាចជាហានិភ័យសម្រាប់វិស័យធនាគារ និងជំនឿទុកចិត្តរបស់វិនិយោគិន។
លោក ច្រឹក សុខនីម យល់ឃើញយ៉ាងដូច្នេះ៖ «យើងមើលឃើញថារាល់ថ្ងៃនេះវិស័យសំណង់គឺទទួលបានការគាំទ្រហើយតាមរយៈការសិក្សាប្រជាជនមួយចំនួនគឺគាត់ខ្វះលំនៅដ្ឋាន អញ្ចឹងនៅក្នុងរាជធានីភ្នំពេញយើងគឺខ្វះអញ្ចឹង បើសិនជាគាត់កសាងផ្ទះដើម្បីលក់ឲ្យអតិថិជនគឺវាលឿន»។
ក៏ប៉ុន្តែទាក់ទងទៅនឹងតម្លៃនៃអចលនទ្រព្យវិញលោក ច្រឹក សុខនីម បានគូសបញ្ជាក់ថាវាគឺជាការប្រកួតប្រជែងគ្នាដែលក្នុងនោះគម្រោងដែលមានរចនាបទល្អគឺស្រួលលក់ជាង បើធៀបទៅនឹងគម្រោងដែលអត់សូវមានរចនាបទល្អ។

