ព្រលានយន្តហោះកោះកុងចាស់នឹងត្រូវសាងសង់ឡើងវិញដោយក្រុមហ៊ុនថៃក្នុងពេលឆាប់ៗនេះ
រូបភាពដោយ Cambodia-hotels
ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways នឹងសាងសង់ឡើងវិញព្រលានយន្តហោះកោះកុងចាស់ដែលមានទីតាំងស្ថិតក្នុងក្រុងខេមរៈភូមិន្ទ ក្នុងពេលឆាប់ៗខាងមុននេះ បន្ទាប់ពីរដ្ឋាភិបាលបានប្រជុំសម្រេចឲ្យមានការសាងសង់ព្រលានយន្តហោះនេះឡើងវិញកាលពីខែមិថុនាកន្លងទៅនេះ។
ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំតាមទូរសព្ទ កាលពីថ្ងៃទី ១៦ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ថៃ Bangkok Airways បាននិងកំពុងសុំសិទ្ធិសាងសង់ព្រលានយន្តហោះខាងលើនេះក្រោមទម្រង់ សាងសង់-ប្រតិបត្តិ-ផ្ទេរ ឬ BOT ហើយការសាងសង់អាចនឹងត្រូវចាប់ផ្តើមឆាប់ៗនេះ។
លោកថ្លែងថា៖ «បើតាមការអះអាងរបស់គណៈកម្មាធិការដែលស្ថិតក្នុងសម័យប្រជុំ(១៤ មិថុនា)នោះ គឺអាចសង់ក្នុងពេលឆាប់ៗនេះ អាស្រ័យទៅលើការសិក្សាបង្កើតគណៈកម្មាធិការមួយមុនយើងរៀបចំចាប់ផ្តើមធ្វើ»។
តាមការបញ្ជាក់ដដែលរបស់លោក គម្រោងនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុន Bangkok Airways ហើយក្រុមហ៊ុននឹងសហការវិនិយោគជាមួយក្រុមហ៊ុនក្នុងស្រុកណាមួយ។
ជាមួយគ្នានេះដែរ លោក ស៊ីន ចាន់សិរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់ទស្សនាវដ្តីសំណង់ និងអចលទ្រព្យយើងខ្ញុំកាលពីថ្ងៃទី ១៥ កក្កដានេះ ថា បច្ចុប្បន្ននេះ គម្រោងសាងសង់ព្រលានយន្តហោះឡើងវិញនេះ គឺកំពុងស្ថិតក្រោមការសិក្សាពីផលប៉ះពាល់ដល់ បរិស្ថាន សង្គម និងបច្ចេកទេស។
លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា ការសាងសង់ឡើងវិញនេះ នឹងតម្រូវឲ្យមានការពង្រីកដីបន្ថែមទៀត ដើម្បីឲ្យព្រលានយន្តហោះមានប្រវែងវែង និងរឹងមាំជាងមុនតាមស្តង់ដារបច្ចេកទេស ហើយគម្រោងនេះ អាចនឹងត្រូវចំណាយថវិការប្រមាណជាង ៤២ លានដុល្លារអាមេរិក ដោយប្រើរយៈពេលពី ៣ ទៅ ៥ ឆ្នាំ ក្នុងការសាងសង់។
ពាក់ពន្ធទៅនឹងការពង្រីកដីបន្ថែមទៅលើដីចាស់ដែលមានទំហំប្រមាណជា ១២៥ហិកតានេះដែរ លោក សុខ សុទ្ធី បានឲ្យដឹងថា គម្រោងនេះអាចនឹងត្រូវប៉ះពាល់ដីប្រជាពលរដ្ឋចំនួនប្រមាណជា ៣០ ហិកតា និងដីរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មចំនួន ២០ ហិកតា។
លោក សុខ សុទ្ធី បន្តថា៖ «រដ្ឋបាលខេត្តមានតួនាទីជូនដំណឹងដល់ប្រជាពលរដ្ឋថាយើងនឹងមានការសាងសង់។ រដ្ឋបាលខេត្តបានប្រជុំជាមួយខាងក្រុង ហើយនឹងសង្កាត់ មេភូមិពាក់ពន្ធហើយៗ យើងបានកំណត់និយាមការ កន្លែងណាដែលរងផលប៉ះពាល់ហើយៗ»។
- Video Advertisement -