ធនាគារអភិវឌ្ឍន៍អាស៊ីសម្រេចផ្តល់ជំនួយដល់យុវជនកម្ពុជាសម្រាប់ជំនាញសំណង់
ដើម្បីចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ធនាគារអភិវឌ្ឍន៍អាស៊ីADB បានសម្រេចបន្តផ្តល់ជំនួយបន្ថែមទៀតសម្រាប់យុវជនទៅលើមុខជំនាញដែលកំពុងមានសក្តានុពលជាពិសេសជំនាញផ្នែកសំណង់។ នេះបើយោងតាមការចុះផ្សាយនៅលើទំព័រហ្វ៊េសប៊ុករបស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨។
ទំព័រហ្វ៊េសប៊ុកខាងលើនេះបានដកស្រង់ប្រសាសន៍របស់ ឯកឧត្តម ឡៅ ហ៊ីម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋាន អប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ថា៖«ធនាគារអភិវឌ្ឍន៍អាស៊ីគ្រោងនឹងផ្តល់ការបណ្តុះបណ្តាលជំនាញបច្ចេកទេសសំខាន់ៗចំនួន៤មុខដល់យុវជនកម្ពុជាដែលផ្តោតទៅលើវិស័យអគ្គិសនី អេឡិចត្រូវនិក សំណង់ និងកម្មមន្តសាល»។
គម្រោងថ្មីនេះគឺនឹងមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០១៩ដល់ ២០២៤ ដែលផ្តោតសំខាន់ទៅលើយុវជនដែលបានបញ្ចប់ការសិក្សាចាប់ពីថ្នាក់មធ្យមសិក្សាទុតិយភូមិឡើងទៅដើម្បីឲ្យពួកគាត់ដែលជាទំពាំងស្នងឬស្សីនៃប្រទេសជាតិមានសមត្ថភាព និងជំនាញគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនចូលទៅក្នុងបច្ចេកវិទ្យាឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ដែលជាកម្រិតឧស្សាហកម្មចុងក្រោយបង្អស់ដែលសកម្មភាពសេដ្ឋកិច្ចគឺសុទ្ធសឹងតែពឹងផ្នែកទៅលើបច្ចេកវិទ្យា។
បន្ថែមជាងនេះទៅទៀត គម្រោងថ្មីនេះទៀតសោតក៏នឹងមានការបង្កើតឲ្យមានការប្រកួតប្រជែងសម្រាប់ជំនាញថ្មីទាំងបួននេះដែលជាជំនាញមានសក្តានុពលនាពេលបច្ចុប្បន្ននិងអនាគត។ ការប្រកួតប្រជែងនេះគឺនឹងត្រូវអនុវត្តទៅលើសាលាអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមទាំងសាលាមួយចំនួនទៀតដែលនៅក្រោមចំណុះរបស់ក្រសួងការងារដែលមានសក្ដានុពលហើយកិច្ចការនេះស្ថិតក្រោមការត្រួតពិនិត្យមើលរវាងក្រសួងការងារ និងADBផ្ទាល់។



