កម្ពុជាទទួលបានហិរញ្ញប្បទានជាង៣០លានដុល្លារសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេស�

កម្ពុជាទទួលបានហិរញ្ញប្បទានជាង៣០លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងខេត្តចំនួនពីរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កាលពីថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៨ កម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន០៤សរុបទឹកប្រាក់ជិត២៥០លានដុល្លារអាមេរិកជាមួយធនាគារអភិវឌ្ឍន៍អាស៊ីហើយក្នុងនោះទឹកប្រាក់ប្រមាណជា ៣០,៨៩ លានដុល្លារអាមេរិកគឺសម្រាប់ប្រើប្រាស់ទៅលើគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ក្នុងខេត្តកែប និង ខេត្តព្រះសីហនុ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា«គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គជំហានទី២» គឺផ្តោតលើការធ្វើឲ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងការកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២។ លើសពីនេះទៅទៀត ហិរញ្ញប្បទានជាង៣០លានដុល្លារនេះទៀតសោតគឺនឹងប្រើប្រាស់ក្នុងការធ្វើឲ្យប្រសើរឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងកំណើនទេសចរណ៍ប្រកបដោយចីរភាព។

ទន្ទឹមនឹងនេះដែរ សេចក្តីប្រកាសព័ត៌មានក៏បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍អាស៊ីកន្លងមកបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការសរុបទឹកប្រាក់ប្រមាណ ៣,១៩ ប៊ីលានដុល្លារអាមេរិកដែលក្នុងនោះឥណទានសម្បទានមានទឹកប្រាក់សរុប ២,៧០ ប៊ីលានដុល្លារអាមេរិក និងហិរញ្ញប្បទានឥតសំណងសរុបទឹកប្រាក់ប្រមាណ ៤៩០ លានដុល្លារអាមេរិកជូនដល់ប្រទេសកម្ពុជា។

- Video Advertisement -